ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ ព្យាបាល អ្នកជំងឺប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមវិជ្ជាជីវៈ វេជ្ជសាស្រ្តរបស់ក្រុមគ្រូពេទ្យជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពេលវេលា និន្នាការនយោបាយ ពណ៍សម្បុរនោះគឺសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានជំងឺធ្ងន់មកស្រាល អ្នកជំងឺស្រាលមកមានការជាសះស្បើយឡើងវិញ។
ឯកឧត្តរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបន្តថា ទោះជាការផ្តល់ជូននូវអង្ករវីតាមីននាឱកាសនេះពុំទាន់អាចឆ្លើយតបទៅ និងតម្រូវការនៃអ្នកជំងឺយ៉ាងណាក៏ដោយ ប៉ុន្តែក៏ពិតជាអាចជួយសម្រួលនូវកង្វះខាតរបស់ប្រជាពលរដ្ឋមួយរយៈពេលនៃការសម្រាកព្យាបាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបោះជំហ៊ានយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។ ដូចគ្នានេះការយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បាននាំយកអំណោយជាថ្នាំពេទ្យឧបត្ថម្ភពីក្រុមហ៊ុន United Pharma (Cambodia) Co., LTD និងបានសំណូមពរដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ ខ្លួន និងក្រុមគ្រួសារ ដោយប្រកាន់យកនូវការស់នៅស្អាត ហូបស្អាត បរិស្ថានជុំវិញខ្លួនឱ្យបានស្អាតល្អ បញ្ហាសុខភាព គឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដមរម្យនីយកម្មនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត៕
0 Comments:
Post a Comment