ខេត្តព្រះវិហារ. នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងជានាយកគម្រោង
CBTCR និងលោក Kov Monyroth ប្រធានក្រុមបេសកកម្ម ADB បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ (CBTCR) នៅក្នុងភូមិតេជោធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីអង្គភាពដឹកនាំអនុវត្តគម្រោងថ្នាក់ជាតិ (PCU-CSAF) ក្រុមបេសកកម្ម ADB ទីប្រឹក្សាគម្រោង ថ្នាក់ដឹនាំ និងមន្ត្រីអង្គភាពអនុវត្តគម្រោងអាជ្ញាធរជាតិព្រះវិហារ (PIU-NAPV) មន្ទីរទេសចរណ៍ខេត្តព្រះវិហារ រដ្ឋបាលស្រុកជាំក្សាន្ត មេឃុំស្រអែម មេភូមិធម្មជាតិ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ សរុប ៤៦រូប។
ឆ្លៀតនៅក្នុងឱកាសមកពិនិត្យត្រួតពិនិត្យវឌ្ឍនភាពគម្រោងនេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រួមជាមួយនឹងលោក Kov Monyroth ក៏បានសម្ពោធ និងប្រគល់អគារមជ្ឈមណ្ឌលសហគមន៍ជូនគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ។
គួរបញ្ជាក់ផងដែរថា គណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌគម្រោង CBTCR ដោយមានសមាជិក ១១រូប ក្នុងនោះស្រី ៥រូប ដែលមានប្រធាន ១រូប អនុប្រធាន ១រូប និងសមាជិកតាមផ្នែកនីមួយៗចំនួន ៩រូប ក្នុងគោលបំណង ១). ចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ជាតិ និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍសហគមន៍ទេសចរណ៍ ២). ថែរក្សាការពារព្រៃឈើ ធនធានជីវៈចម្រុះ និងប្រភពទឹក ដើម្បីប្រយោជន៍រួមរបស់ប្រជាជនក្នុងសហគមន៍ ៣). បង្កើនមុខរបរ និងប្រាក់ចំណូលសម្រាប់សហគមន៍តាមរយៈសេវាកម្មទេសចរណ៍ ៤). បំពេញបន្ថែមតម្រូវការរបស់ប្រជាជន ដោយការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពតាមរយៈទេសចរណ៍សហគមន៍ និង ៥).បង្កើនការចូលរួមរបស់សហគមន៍ជាអតិប្បរមាក្នុងការគ្រប់គ្រង អភិរក្សធនធានជីវៈចម្រុះ តាមរយៈការរៀបចំសេវាកម្មទេសចរណ៍សហគមន៍ និងកសិទេសចរណ៍។
0 Comments:
Post a Comment