-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, September 18, 2023

ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី «ទីឡាព្យា» ដាក់គោលដៅនាំចេញទៅកាន់ទីផ្សារអឺរ៉ុប នៅឆ្នាំ២០២៤ ខណៈបច្ចុប្បន្នកំពុងពង្រីកទីផ្សារក្នុងស្រុក និងជប៉ុន

ចំនួនអ្នកទស្សនា: Views

(កណ្តាល) ៖ កសិដ្ឋានវារីវប្បកម្ម Cambodia Fresh Farm មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ពញាឭ ខេត្ត​កណ្ដាល។ ទីនេះជាទីកន្លែង​ចិញ្ចឹមត្រី «ទីឡា​ព្យា​» សម្រាប់​យក​សាច់ ដែលបរិមាណនៃការលក់ក្នុង​ ១ខែៗក្នុងទំហំពី៤០០-៥០០គីឡូក្រាម សម្រាប់​ផ្គត់ផ្គង់ចូល​ទីផ្សារ​ទំ​នើប ភោជនីយដ្ឋានក្នុងស្រុក និង​សម្រាប់នាំ​ចេញ​ទៅកាន់ទីផ្សារអន្តរជាតិ។ សហ​គ្រាស​នេះបានទិញ​ពូជ​កូន​ត្រីពី Smiling Gecko និង​ទិញ​ចំណី​ពីអ្នក​ចែក​ចាយ​ក្នុងស្រុក។

លោក ចាវ សួស្ដី ជាម្ចាស់កសិដ្ឋានវារីវប្បកម្ម ដែលជា​កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា បាន​អនុវត្ត​តាម​គោលការណ៍​វារីវប្ប​កម្មល្អ និងចិញ្ចឹមត្រីលើផ្ទៃដីចំនួន ៤.៥ហិកតា និង​មានស្រះចំនួន២១។ បច្ចុប្បន្ន ផលិត​ផល​ដែល​ក្រុមហ៊ុនចែកចាយលើទីផ្សារគឺ កែ​ច្នៃ​ដោយផ្ទាល់ចេញ​ពី​កសិដ្ឋាន ដែលធានាបាននូវគុណភាព និង​សុវត្ថិ​ភាព ជូនអតិថិជនគោលដៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅប្រទេសជប៉ុន។

លោក ចាវ សួស្ដី បានឱ្យដឹងថា ​ការកែ​ច្នៃ​សាច់ត្រី​ទី​ឡា​ព្យា នៅកសិដ្ឋាននេះ ត្រូវ​បាន​ប្រើ​ប្រាស់បច្ចេកវិទ្យារបស់ប្រទេសជប៉ុន ដោយទទួលបានជំនួយ​បច្ចេក​ទេស​​ពីទីភ្នាក់​ងារ​សហ​ប្រតិបត្តិ​កា​រ​អន្តរ​ជាតិ នៃប្រទេសជប៉ុន (JICA)។ សហគ្រាស​នេះបច្ចុប្បន្ន​មាន​បុគ្គលិក​សរុបចំនួន ១៤រូប (ស្រី៤ រូប)។ កសិដ្ឋានវារីវប្បកម្មក៏មានផែនការសហការ​ជាមួយ​វាវីវប្បករផ្សេងៗ​ទៀត​ក្នុង​តំបន់ដើម្បីពង្រីក​ការ​នាំ​ចេញ ដោយ​យក​កសិដ្ឋាន​របស់​ខ្លួន​ជា​ស្តង់​ដារ​តម្រូវ។

កសិដ្ឋានវារីវប្បកម្មខ្នាតមធ្យមនេះ មានផលិតផលសំខាន់ៗចំនួ៤គឺ សាច់ត្រីទីឡាព្យាស្រស់បង្កកដែលអាចទទួលទានបានភ្លាមៗ និងងាយស្រួលចម្អិន, សាច់ហ្វីឡេត្រីទីឡាព្យា ហាលស្ងួត អាចបរិភោគបាន​ភ្លាម​ដោយ​គ្រាន់​តែ​កំដៅ (សាច់ត្រីទីឡាព្យាស្ទើរឆ្អិន), ត្រីបំពងណាន់ហ្គុឃីដៃ (សាច់ត្រីទីឡាព្យាអត់ស្បែក អត់ឆ្អឹង បំពងស្រួយជាមួយម្សៅនំប៉័ង)។ ក្រៅពីនេះក៏អាចប្រើប្រាស់សម្រាប់ជាអាហារសម្រន់ ដែលមានដាក់ស្នូលសនវិច និងបឺហ្គ័រសាច់ ជាដើម, ត្រីឆ្អើរ ដែលអាចបរិភោគបានភ្លាម (ត្រីឆ្អើរទីឡាព្យាមានរសជាតិកាន់តែឆ្ងាញ់ដោយបន្ថែមម្រេច គ្រប់មុខ គ្រប់រសជាតិ)។ ផលិតផលទាំងនេះមានតម្លៃជាមធ្យមចន្លោះពី ២ដុល្លារ ដល់ ៦,៥០ដុល្លារ ក្នុងមួយកញ្ចប់ ដែល​មាន​ទម្ងន់​ចន្លោះ​ពី ១០០ក្រាម ទៅ ៣៥០ក្រាម ដែលធានាបានគុណភាព និងសុវត្ថិភាព ដែលមាន​ការគាំ​ទ្រ​ពីគម្រោង CAPFISH អង្គការ UNIDO និងរដ្ឋ​បាល​ជលផលស្របតាម​សុវត្តិភាព​ចំណី​អាហារ។

ទន្ទឹមនឹងទីផ្សារក្នុងស្រុក និងប្រទេសជប៉ុន ​លោក ចាវ សួស្ដី ដែលជាម្ចាស់កសិដ្ឋាន ក៏បានដាក់គោលដៅថា នៅ​ឆ្នាំ២០២៤ នឹង​នាំ​ចេញ​សាច់​ត្រីទីឡាព្យាទៅ​កាន់​ទី​ផ្សារ​អ៊ឺរ៉ុបផងដែរ ដោយ​សារ​លោក​បាន​ដើរ​តាម​ការ​ណែនាំ​របស់​​​អង្គការ UNIDO ខណៈបច្ចុប្បន្នមាននៅតាមផ្សារទំនើបចំនួន ១០កន្លែង និងភោជនីយដ្ឋានចំនួន ១០កន្លែង ផ្សេងទៀត នៅក្នុងស្រុក ហើយក៏កំពុង​មាន​ការកើនឡើងក្នុងការបញ្ជាទិញផលិតផលមានស្តង់ដា និងសុវត្ថិភាពនេះ។

ម្ចាស់កសិដ្ឋានមួយនេះ បានឱ្យដឹងដែរថា ក្នុងចំណោមសហគ្រាសទាំង ២៨ ដែល​គាំទ្រ​ដោយ​កម្មវិធី​គាំទ្រ​សហគ្រាស​ជល​ផល​ខ្នាត​តូច និង​មធ្យម (VCIS) មានតែសហគ្រាស Cambodia Fresh Farm ប៉ុណ្ណោះ ដែលមិនបានរៀបចំគម្រោងសំណេរអាជីវកម្ម និងសុំ​ការ​គាំទ្រ​តែផ្នែកបច្ចេកទេស។ ប៉ុន្តែបច្ចុប្បន្នកំពុងរៀបចំពាក្យស្នើសុំសម្ភារ បរិក្ខា​បន្ថែម​សម្រាប់​បំពេញ​តាម​លក្ខខ័ណ្ឌតម្រូវ​ស្តង់ដាររបស់ប្រទេសជប៉ុន។

តាមរយៈកិច្ចគាំទ្រពីគម្រោង CAPFISH សហគ្រាស Cambodia Fresh Farm រំពឹង​ថា​នឹង​ទទួល​បាន​វិញ្ញា​បនប័ត្រ HACCP និងពង្រីកចំណែកទីផ្សារក្នុងស្រុក អាច​នាំ​ចេញ​ផលិត​ផល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន និងសហភាពអឺរ៉ុប ក៏ដូចជាទីផ្សារក្រៅស្រុកផ្សេងទៀតផងដែរ។ គម្រូ​ល្អ​របស់ Cambodia Fresh Farm ក៏បានលើក​ទឹក​ចិត្ត នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ឱ្យ​កសិដ្ឋាន​វា​រីវប្បកម្ម​ជិត​ខាង​ទទួល​យក និង​ជំរុញ​ការ​អនុវត្ត​អនាម័យបានល្អ។​

សូមបញ្ជាក់ថា កសិដ្ឋានវារីវប្បកម្ម Cambodia Fresh Farm ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ ដោយក្រុមហ៊ុនក្នុងស្រុក Rainbow Progress Enterprises Co., Ltd៕