-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, September 13, 2023

ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា គ្រោងដាក់ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ) ៖ ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ។

នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច (កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គ្រោងដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ។ ការដាក់ឱ្យជាប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេច ជាអធិបតីភាព ក្នុងពិធីដាក់ឱ្យធ្វើរាចរណ៍លើស្ពាននេះជាបណ្តោះអាសន្ន ដើម្បីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ ។

លោកបន្តថា ការបើកឱ្យដំណើរការធ្វើបរាចរណ៍នៅស្ពានខាងលើនេះ វានឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀតនៅចំណុចព្រែកប្រា ឆ្លងទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍ជើងឯក បន្តទៅផ្លូវលេខ២១៧ ប៉ុន្តែគម្រោងនេះ យើងកំពុងតែសិក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយទេ ។ តែជាជំហានដែលត្រូវអនុវត្ត យើងនឹងរុះរើស្ពានបាឡេនៅខណ្ឌឫស្សីកែវ មកធ្វើស្ពាននៅចំណុចព្រែកប្រាខាងលើនេះ ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយការកកស្ទះ ។

តំណាងក្រុមហ៊ុន OCIC ដែលទទួលការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ខាងលើនេះ បានបញ្ជាក់ឱ្យដឹងថា ៖ ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចប្រមាណ៩៣%ហើយ ដោយគ្រោងនឹងបញ្ចប់ នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ។

គួរបញ្ជាក់ថា ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង ។ ស្ពានកោះនរា ឆ្ពោះទៅកោះពេជ្រនេះ ​បាន​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល៣៥ខែដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ ចំពោះភាពចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅ ឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្ន​បង្កឱ្យមានការ​កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរ​ជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះទៅកោះពេជ្ររហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តី ក៏នៅតែកកស្ទះដដែល ៕