(ឧត្តរមានជ័យ) ៖ តាមសេចក្តីរាយការបឋមឱ្យដឹងថា កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ មានករណីចោរ លួចម៉ូតូ ០១គ្រឿង ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈម្ចាស់ទុកមុខផ្ទះមិនបានដកសោរកុងតាក់ ប៉ុន្តែមួយសន្ទុះក្រោយមកសមត្ថកិច្ចនគរបាលមូលដ្ឋានក្រុងសំរោង ក៏បានធ្វើការចាប់ខ្លួនទាំងចោរទាំងម៉ូតូ នាំយកទៅប្រគល់ឱ្យម្ចាស់វិញ ។
ជនសង្ស័យឈ្មោះ សីហា ប្រាក់ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិបេង ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា នៅវេលាម៉ោងខាងលើជនរងគ្រោះឈ្មោះ សៀង លី ភេទប្រុស អាយុ ២៣ឆ្នាំ បានទុកម៉ូតូនៅមុខផ្ទះពុំបានដកសោរកុងតាក់ចេញទេ ពេលនោះជនសង្ស័យក៏បានចូលទៅលួច ហើយជិះគេចខ្លួនបាត់ ។
ក្រោយពេលចោរលួចបាត់ម៉ូតូភ្លាម ជនរងគ្រោះបានទាក់ទងប្តឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការនគរបាលក្រុងសំរោង ទើបជនសង្ស័យជាចោរលួចម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបន្សាយរាក់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកខ្ពស់ ដេញតាមស្ទាក់ចាប់ឃាត់ខ្លួន នៅពេលជន សង្ស័យជាមុខសញ្ញា បានជិះទៅដល់ចំណុចភូមិឈើស្លាប់ព្រំប្រទល់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងម៉ូតូឌ្រីមសង់ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ ០១គ្រឿង សមត្ថកិច្ចបាននាំខ្លួនទៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរ ។
នៅពេលសាកសួរចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពអំពីសកម្មភាព និងបក្ខពួកដែលចូលរួមជាមួយគ្នាកន្លងមកទៀត ពេលនោះទើបកម្លាំងសមត្តកិច្ចជំនាញ នៃអធិការដ្ឋានក្រុងសំរោង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលយុត្តិធម៌ស្រុកបន្ទាយអំពិល ចុះទៅដល់ផ្ទះឈ្មោះ យ៉ាន សីហា ជាជនសកម្មទទួលផលចោរកម្ម និងដោយបានការអនុញ្ញាតិពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត សមត្តកិច្ចបានធ្វើការឆែកឆេរ រកឃើញវត្ថុតាងរួមមាន ៖
-ម៉ូតូចំនួន ០៣គ្រឿង
-គ្រឿងបន្លាស់ម៉ូតូមួយចំនួន
-សារធាតុញៀនប្រភេទម្សៅក្រាមពណ៌ស ម៉ាកទឹកកក ចំនួន ១,០៣៧ ក្រាម
-សារធាតុញៀនប្រភេទ មេតំហ្វេតាមីនWY ចំនួន ០២កញ្ចប់ ស្មើនឹង ៨៥០ក្រាម និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ បន្ថែមទៀត ។
១-ឈ្មោះ យ៉ាន សីហា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិថ្មដូន ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (អ្នកទទួលទិញផលចោរកម្ម និងចែកចាយសារធាតុញៀន) តេស្តមានសារធាតុញៀនក្នុងខ្លួន ។ ២-ឈ្មោះ សេង ស្រីនាង ភេទស្រី អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ៣-ឈ្មោះ ជន សំរេច ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងឈើ មានទីលំនៅភូមិថ្មរមាសខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (មានសារធាតុញៀនក្នុងខ្លួន) ។ ៤-ឈ្មោះ រំ រិទ្ធសែន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងក្រឡឹង មានទីលំនៅភូមិថ្មរមាសខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (មានសារធាតុញៀនក្នុងខ្លួន) និង៥-ឈ្មោះ ធូ ឆារី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងក្រឡឹង មានទីលំនៅភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ធ្វើតេស្តមានសារធាតុញៀនក្នុងខ្លួន) ។
តាមចម្លើយជនសង្ស័យឈ្មោះ យ៉ាន សីហា បានសារភាពថា កាលពីជាង ២ខែមុន ខ្លួនបានទិញម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានផ្លាកលេខ ពីឈ្មោះ សីហា ប្រាក់ណៃ ក្នុងតម្លៃ ២.២០០.០០០រៀល ដោយពេលនោះខ្លួនបានដឹងថា ឈ្មោះ សីហា ប្រាក់ណៃ ពិតជាលួចម៉ូតូរបស់គេយកមកលក់ឱ្យ តែក្រោយមកខ្លួនបានយកម៉ូតូនោះ ទៅដោះដូរផ្លាស់ និងដូរពណ៌ពីខ្មៅ ទៅជាពណ៌ក្រហមវិញ និងទុកប្រើប្រាស់ផ្ទាល់ខ្លួនរហូតដល់សព្វថ្ងៃ ។ ដោយយោងទៅលើចម្លើយសារភាព និងបទល្មើសលួចជាក់ស្តែង សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ ០១គ្រឿង សមត្ថកិច្ចបាននាំខ្លួនទៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕