-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, July 14, 2023

មនុស្ស១២នាក់បានពុលមីឆាត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views

ប្រជាពលរដ្ឋប្រុសស្រីចំនួន ១២នាក់ នៅក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង បានហូបមីឆាពុលចុកពោះ និងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៥ និង ៣៥នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។


លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានឱ្យដឹងថា កាលពីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦ល្ងាច មានករណីប្រជាពលរដ្ឋចុកពោះ ក្អួត រាគ ដែលរស់នៅក្នុងភូមិក្រងផ្តិល ឃុំប្រឡាយមាស និងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានហូបមីឆាដែលរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ ។


ក្នុងករណីខាងលើនេះមានមនុស្សប្រុសស្រី ក្មេង ចាស់ ចំនួន ១២នាក់ មានរោគសញ្ញាស្រដៀងគ្នាគឺ ចុកពោះ រាគ និងក្អួត អស់កម្លាំង ។ អ្នករងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបញ្ជូនមកមន្ទីរពេទ្យខេត្តទាំង អស់ដើម្បីសង្គ្រោះជីវិត ។ ប៉ុន្តែក្នុងករណីនេះមិនមានអ្នកណាបាត់បង់អាយុជីវិតឡើយ ។


នគរបាលមូលដ្ឋានបានឱ្យដឹងថា ក្នុងករណីនេះមានអ្នករងគ្រោះចំនួន ១២នាក់ ស្រី ៥នាក់ (នៅក្នុងឃុំផ្លូវទូក ៣នាក់ស្រី ២នាក់) និងនៅក្នុងឃុំប្រឡាយមាស ៨នាក់ ស្រី ៣នាក់) ជនរងគ្រោះមានអាយុចាប់ពីអាយុ ១៨ខែ ដល់ ៦៥ឆ្នាំ សុទ្ធតែបានបរិភោគមីឆា (មីដុំសសៃមូល) ។ ស្ត្រីឈ្មោះ មូល សុន អាយុ ៧០ឆ្នាំ រស់នៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែង បានរុញរទេះដើរលក់នៅក្នុងភូមិ ។


តាមការស្រាវជ្រាវរបស់សមត្ថកិច្ច អ្នកចេញរោគសញ្ញាមុនគេ បានហូបមីឆានៅវេលាម៉ោង ១៥ និង ១៥នាទី និងចេញរោគ សញ្ញានៅម៉ោង ១៥ និង ៤៥នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដា និងអ្នកផ្សេងទៀតបានហូបមីឆានៅចន្លោះម៉ោង១៥ និង ៣០នាទី ទៅម៉ោង ១៦ល្ងាច និងបានចេញរោគសញ្ញានៅចន្លោះម៉ោង ១៦ទៅម៉ោង ១៧ល្ងាច ។


ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រមូលសសៃមីដែលនៅសល់ដើម្បីយកមកវិភាគរកមូលហេតុឱ្យបានច្បាស់លាស់ ។ ចំណែកស្ត្រីឈ្មោះ មូល សុន អាយុ ៧០ឆ្នាំរស់នៅភូមិពាងខ្នង ឃុំផ្លូវទូក ជាអ្នកលក់មីឆា ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រល័យមាស ឃាត់ខ្លួន រង់ចាំការសម្រេចពីថ្នាក់លើ ។


ដោយឡែកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ ទូរសព្ទតេទៅមិនចូល ។ ប៉ុន្តែក្រុមគ្រូពេទ្យកំពុងសង្គ្រោះព្យាបាលអ្នកជំងឺនៅក្នុងអាគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានឱ្យដឹងថា អ្នកជំងឺទាំងអស់មានអាការស្រួលខ្លួនបណ្តើរៗហើយ និងពុំមានអ្នកណារងគ្រោះធ្ងន់នោះឡើយ ៕