-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, July 12, 2022

អនុប្រធានទី១ អាជ្ញាធរមីន៖ ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីន ក្នុងរយៈពេល ៦ខែ បន្ទាប់ពីកម្លាំង NPMEC ចាប់ផ្តើមបោសសម្អាត នៅថ្ងៃទី១៥ ខែកក្កដាខាងមុខ

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានគូសបញ្ជាក់ថា ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីន ក្នុងរយៈពេល ៦ខែ បន្ទាប់ពីកម្លាំង នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដែលចាប់ផ្តើមបោសសម្អាត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន“ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ការគូសបញ្ជាក់របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាលើការងារបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ការចុះកិច្ចសន្យានេះ គឺជាការចាប់ផ្តើមអនុវត្តន៍ការងារបោសសម្អាតមីនដំណាក់កាលដំបូង នៃគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តអស់មីន ក្នុងរយៈពេល ០៦ខែ ហើយបន្ទាប់ពីកុងត្រានេះ កម្លាំង NPMEC នឹងចាប់ផ្តើមបោសសម្អាតនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម ទេសរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា “បន្ទាប់ពីក្រុមការងារបច្ចេកទេសអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព NPMEC បានចុះពិនិត្យ និងវាយតម្លៃរួមគ្នានូវស្ថានភាពចម្ការមីនជាក់ស្តែងក្នុងខេត្តត្បូងឃ្មុំ តាមវិធីសាស្រ្តផ្ទៀងផ្ទាត់ការប្រើប្រាស់ផ្ទៃដីមានមីនជាក់ស្តែង (Ground Data Verification) ផ្ទៃដីចំនួន ៣ ៩៨៤ ២១៩ ម៉ែត្រក្រឡា នឹងត្រូវបោសសម្អាតឱ្យអស់ក្នុងខេត្តត្បូងឃ្មុំ”។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅខេត្តត្បូងឃ្មុំ គឺក្រុមការងារត្រូវការប្រើប្រាស់ថវិកាសរុបចំនួន ៧៦៤ ៣០២ ដុល្លារអាម៉េរិក ក្នុងនោះត្រូវចំណាយលើការចុះផ្ទៀងផ្ទាត់ផ្ទៃដីជាមុន ត្រួតពិនិត្យគុណភាព ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាត និងការងារបោសសម្អាតមីនទាំងស្រុង។

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានបន្ថែមទៀតថា ក្រៅពីការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ក្រុមការងារអាជ្ញាធរមីន កំពុងធ្វើការជាមួយក្រុមការងារកងទ័ពជើងគោក ដែលចុះពិនិត្យ និងវាយតម្លៃស្ថានភាពចម្ការមីននៅស្រុកឧត្តុង្គ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនាពេលឆាប់ៗនេះផងដែរ៕ដោយ រិទ្ធី ប្រភព៖ អាជ្ញាធរមីន សម្រួលផ្សាយដោយ៖ dara