-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

កងរាជអាវុធហត្ថ ប្រារព្ធពិធីខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ចំនួនអ្នកទស្សនា: Views

  

(កំពង់ឆ្នាំង) ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២  នៅថ្ងៃ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មានរៀបចំប្រារព្ធពិធីខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២២ ) និងសម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ន និងឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្ត អភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងសេនានុព័ន្ធយោធាប្រទេសជាមិត្តប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងលទ្ធផលការងារដែលកងរាជអាវុធលើផ្ទៃប្រទេស សម្រេចបានកន្លងមក និង ពិធីរម្លឹកខួប២៩ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្ភោធដាក់ឱ្យប្រើប្រាស់នូវទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរដល់ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤កក្កដា ២០២២) ផងដែរ។

នាយឧត្តមសេនីយ៍បានបន្តថា កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូល ទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀតផង។


ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្ថែមទៀតថា គោលបំណងរួមមាន ការការពារនិងឆ្លើយតបភ្លាមៗចំពោះទម្រង់ណាមួយ នៃព័ត៌ មានបំផ្លើសអំពីកិច្ចការយោធា ក៏ដូចជាពង្រឹងសាមគ្គីភាព ជាមួយកងយោធពលខេមរភូមិន្ទ បន្តសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងច្បាប់និងបទប្បញ្ញត្តិ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ រំលោភយកដីរដ្ឋ និងបទឧក្រិដ្ឋផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រសាសន៍ថា កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែក ដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ចលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មានប្រសាស ន៍បន្តថា កងរាជអាវុធហត្ថបានត្រៀមកម្លាំង និងមធ្យោបាយ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសអនុវត្តន៍បទបញ្ជាគ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដើម្បីរក្សាឱ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជននិងប្រទេសជាតិ ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សម្រេចបានលទ្ធផលផ្លែផ្កា៣សំខាន់ៗ

ចំនួនអ្នកទស្សនា: Views

   ភ្នំពេញ: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលមានប្រតិភូជាសមាជិកចូលរួមទាំងអស់១១ប្រទេស នៅល្ងាចថ្ងៃ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ សម្រេចបាននូវលទ្ធផលផ្លែផ្កាធំៗចំនួន៣។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំ នៅសណ្ឋាគារ សុខាភ្នំពេញ។ គោលដៅ

ចំនួន៣សំខាន់ៗ ដែលសម្រេចបានជាផ្លែផ្កានេះ រួមមាន៖ ទី១-លើការកំណត់ប្រភេទកីឡា ដោយកំណត់៤២ប្រភេទកីឡា ក្នុងនោះប្រភេទកីឡាសម្ដែង គេហៅថា Demonstration Sports ១ប្រភេទ ដែលយើងត្រូវបានធ្វើការសម្រេច និងសម្របសម្រួលគ្នា ក្នុងការដាក់ចូលក្នុងការប្រកួត យើងបានសម្រេចអស់ហើយ។ នៅសល់តែ ១ ឬ ២ប្រភេទកីឡាប៉ុណ្ណោះ ដែលប្រទេសផ្សេងៗគេស្នើសុំ ប៉ុន្តែមិនត្រូវគេមិនដាក់កំហិតលើការស្នើសុំនោះទេ ដោយគេគ្រាន់តែស្នើសុំឱ្យយើងពិចារណាប៉ុណ្ណោះ។ ជារួមក្នុងការកំណត់ប្រភេទកីឡា យើងចាត់ទុកថា ទទួលបានការគាំទ្រពីគណៈកម្មការប្រតិបត្តិអស់ហើយ។ ទី២-អ្វីដែលយើងចង់កែប្រែមាត្រាខ្លះ នៃធម្មនុញ្ញស៊ីហ្គេម គឺយើងទទួលបានជោគជ័យទាំងអស់ ហើយប្រទេសទាំងអស់ក៏គាំទ្រដែរ ពិសេសគាំទ្រឱ្យកម្ពុជាលក់សិទ្ធិទូរទស្សន៍យ៉ាងទូលំទូលាយ មិនដូចការលក់សិទ្ធិ

ទូរទស្សន៍ ដូចពេលមុននោះទេ។ ការលក់សិទ្ធិទូរទស្សន៍ ក្នុងមួយប្រទេសអនុញ្ញាតឱ្យតែ១ ឬក៏លក់សិទ្ធិទូរទស្សន៍ក្នុងន័យរឹតត្បិត មិនបើកទូលាយទេ ហើយក៏មិនមានការរៀបចំឱ្យមានជំនាញ ឬក្រុមហ៊ុនជំនាញធ្វើជាភ្នាក់ងារលក់សិទ្ធិនេះដែរ។ នេះគឺជារបត់ថ្មី ហើយក៏ជាជោគជ័យមួយដែរ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ កម្ពុជាបានដឹកនាំកែប្រែរបត់ចាស់ចេញមកដល់របត់ថ្មី ដើម្បីជំរុញការផ្សព្វផ្សាយឱ្យទូលំទូលាយ ហើយដល់ពេលដែលយើងត្រូវទទួលកម្រៃខ្លះ ពីការលក់សិទ្ធិទូរទស្សន៍ ដើម្បីជួយកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ក្នុងនាមជាម្ចាស់ផ្ទះ។ ទី៣-ក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ គឺមានកាតព្វកិច្ចក្នុងការរៀបចំ ឱ្យប្រទេសដែលធ្វើម្ចាស់ផ្ទះបន្ទាប់៣ដង បើកាលណាយើងរៀបចំ៣ដង គេដាក់ឈ្មោះថា ជា “Chairman” ដែលទទួលបានជោគជ័យក្នុងអាណត្តិរបស់ខ្លួន។ ដូច្នេះយើងបានសម្រេច តាំងពីវៀតណាមមក បានបញ្ជាក់សារឡើងវិញ។ មានន័យថា កម្ពុជាបានធ្វើអះអាងម្ដងទៀតថា ប្រទេសទាំងអស់ទទួលស្គាល់ និងទទួលយកនូវរៀបចំប្រទេសបន្ដវេនរបស់កម្ពុជាទៅ

 ៣ដង ឬ ៣ស៊ីហ្គេមទៀត (៩ឆ្នាំទៀត) គឺមានឆ្នាំ២០២៥ ថៃ ឆ្នាំ២០២៧ ម៉ាឡេស៊ី និងឆ្នាំ២០២៩ សិង្ហបុរី។ «សំខាន់គឺ ៣ដងហ្នឹង តែគេអាចមើលឃើញ ប្រមើលទៅនៅឆ្នាំ២០៣១ទៀត ដែលខាងឡាវបានដាក់ពាក្យមកស្នើសុំធ្វើម្ចាស់ផ្ទះ។ ប្រទេសឡាវ ក៏អាចត្រូវបានចាត់ទុកថាជាអ្នកបន្ដពីអាណត្តិកម្ពុជាដែរ ។ ដូច្នេះឱ្យតែកម្ពុជារៀបចំបាន ៣ដងបន្ដវេននេះ គឺកម្ពុជាទទួលបានជោគជ័យក្នុ ងនាមភាពជាអ្នកដឹកនាំរបស់ខ្លួន »។ នេះជាចំណុចសំខាន់ៗ ដែលកម្ពុជាទទួលបានផ្លែផ្កាល្អ ហើយប្រទេសទាំងអស់ សប្បាយចិត្តជាមួយនឹងកម្ពុជា ។ គេផ្ដល់សេចក្ដីទុកចិត្ត និងរីករាយថា កម្ពុជាមានការត្រៀមលក្ខណៈបានល្អប្រសើរ បូករួមទាំងការទទួលបដិសណ្ឋារកិច្ចបានល្អក្នុងពេលប្រជុំ ហើយបណ្តាប្រទេសទាំងអស់សង្ឃឹមថា នៅថ្ងៃស៊ីហ្គេមខាងមុខ នឹងទទួលបាននូវភាពកក់ក្ដៅបន្ថែមទៀត។ ជារួម ឯកឧត្តម វ៉ាត់

 ចំរើន បានអះអាងថា ទាំងអស់នេះយើងនឹងយកការសម្រេចនៅក្នុងកិច្ចប្រជុំនេះ ទៅធ្វើការសម្រេចជាឯកច្ឆន្ទចុងក្រោយ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា កម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រយៈពេល៣ថ្ងៃពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕ ដោយ ហេង ណាលីន រូបភាព ខឹម សុវណ្ណារ៉ា សម្រួលផ្សាយដោយ៖ dara

ព្រឹកនេះព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា» នៅស្រុកបាណន់

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ព្រះរាជពិធី «រុក្ខទិវា» ប្រារព្ធឡើងយ៉ាងមហោឡារឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចបញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបងផងដែរ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការប្រារព្ធពិធី «រុក្ខទិវា» ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងអាជ្ញាធរខេត្តបាត់ដំបង ដោយបានជ្រើសរើសយកទីតាំងប្រារព្ធពិធីនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ស្ថានីយនេះ ត្រូវបានបង្កើតឡើងតាមរយៈប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ២៦៧ ប្រក.កសក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំណងដាំស្តារព្រៃឈើឡើងវិញ អភិវឌ្ឍន៍ជីវៈចម្រុះ រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើភពផែនដី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងទ្រទ្រង់សកម្មភាពផ្សេងៗជាច្រើនទៀត សម្រាប់ផលប្រយោជន៍របស់ប្រជាសហគមន៍។

ផ្ទៃដីប្រារព្ធ «រុក្ខទិវា» នាពេលនេះ មានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាសទំហំ ២៦.១៣ហិកតា ហើយកូនឈើដែលត្រូវយកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉ៃសាក់ សរុបទាំងអស់ចំនួន ១៣,៩៤០ដើម និងបានត្រៀមកូនឈើសម្រាប់ដាំជួសមួយចំនួនទៀត។

«រុក្ខទិវា» ជាទិវាមួយដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។ ទិវានេះ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីះា ឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រេះរបស់សម្តេច នរោត្តម សីហនុ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

តែទិវានេះ ត្រូវបានខកខានក្នុងការប្រារព្ធបន្ទាប់ពីប្រទេសកម្ពុជា បានជួបនូវវិបត្តិនយោបាយ និងសង្គ្រាម ក្រោយថ្ងៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ដោយផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់ និងដើម្បីបន្តស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាវីរក្សត្រ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចលេខ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅ «រុក្ខទិវា» នេះនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។

គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៤ទូទាំងប្រទេសសរុបចំនួន ២៩លើក នៅលើផ្ទៃដីទំហំ ៤៧០ហិកតា ៦៤អា។ ប៉ុន្តែដោយសារប្រទេសជាតិជួបវិបត្តិជាសាកលនៃជំងឺកូវីដ១៩ កម្ពុជា បានអាក់ខានពុំបានរៀបចំពិធី «រុក្ខទិវា» ចំនួនពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសាកលនៅក្នុងសហគមន៍។

ព្រៃឈើ បានផ្តល់សារៈសំខាន់ណាស់ សម្រាប់ជីវិតមនុស្ស សត្វនៅលើភពផែនដីដូចជាជួយទ្រទ្រង់អាកាសធាតុផែនដី, ជួយធ្វើឱ្យដីមានជីវជាតិ, នាំមកនូវទឹកភ្លៀង, ជាជម្រកជីវចម្រុះ និងភាពស្រស់បំព្រង់នៃផែនដី។ ព្រៃឈើមានអត្ថប្រយោជន៍ខ្លាំងណាស់នៅលើផែនដី វាគឺជាអាវុធប្រឆាំងនឹងគ្រោះធម្មជាតិជាច្រើនអស់រយៈពេលរាប់លានឆ្នាំមកហើយ។ ព្រៃ ឬដើមឈើ គឺជាឧបករណ៍សម្រាប់ស្វែងរកអាហារ ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និងជាច្រើនទៀតរាប់មិនអស់ ជាពិសេស គឺជាសួតរបស់ភពផែនដី។

ការបាត់បង់ព្រៃឈើអាចនាំដល់ផលវិបាកជាច្រើន ដូចជាផែនដីឡើងកម្តៅ, ភាពរាំងស្ងួត, ធ្វើឱ្យដីគ្មានជីវជាតិ និងបាត់បង់នូវជីវចម្រុះជាដើម។ ដោយមើលឃើញសារៈសំខាន់នៃព្រៃឈើនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបង្កើតឡើងវិញនូវគម្របព្រៃឈើនៅតំបន់ដែលបានកាប់បំផ្លាញ។

របាយការណ៍នៃការវាយតម្លៃធនធានគម្របដីព្រៃឈើនៅកម្ពុជាឆ្នាំ២០១៨ រៀបចំផលិតឡើងដោយក្រុមការងារបច្ចេកទេសជាតិ និងត្រួតពិនិត្យបច្ចេកទេសដោយអ្នកជំនាញការអន្តរជាតិ និងសាកលវិទ្យាល័យអន្តរជាតិនានា បានរកឃើញថា ក្នុងឆ្នាំ២០១៨ ធនធានគម្របព្រៃឈើនៅកម្ពុជាដោយបូកបញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេងផងនោះ មានចំនួន ៨,៥១០,៨០៧ហិកតា ស្មើនឹង ៤៦.៨៦ភាគរយ និងមានអត្រាបាត់បង់ជាមធ្យមប្រចាំឆ្នាំ ០.៦៤ភាគរយ ស្មើនឹង ១១៥,៧៩៧ហិកតា ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។

ដោយឡែកធនធានគម្របដីព្រៃឈើ សម្រាប់កម្មវិធីរេដបូក ដោយមិនរាប់បញ្ចូលផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង មានចំនួនប្រមាណជា ៧,៩២២,២៨០ហិកតា ស្មើនឹង ៤៣.៦២ភាគរយ មានអត្រាប្រែប្រួលជាធម្យមប្រចាំឆ្នាំ ០.៧១ភាគរយ ស្មើនឹង ១២៩,៨១០ហិកតា ធៀបនឹងផ្ទៃដីប្រទេស។

ក្រសួងចំនួនពីរ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានតួនាទីក្នុងការពារ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដាំដុះ និងអភិរក្សព្រៃឈើ។

របាយការណ៍ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា តាមរយៈរដ្ឋបាលព្រៃឈើជាសេនាធិការរបស់ក្រសួង បានយកចិត្តទុកដាក់ខ្ពស់អនុវត្តកម្មវិធីកំណែទម្រង់វិស័យព្រៃឈើដោយការបង្កើតសហគមន៍ព្រៃឈើ ដោយគិតត្រឹមឆ្នាំ២០២១ មានសហគមន៍ចំនួន ៦៤៣សហគមន៍ គ្របដណ្តប់លើផ្ទៃដីជាង ៥២២ពាន់ហិកតា។ ក្នុងនោះក្រសួងបានចេញប្រកាសចំនួន ៥៣៦សហគមន៍ និងបានអនុម័តផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ១០៦សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧២ពាន់ហិកតា។

ទន្ទឹមនឹងនេះ រដ្ឋបាលព្រៃឈើកំពុងខិតខំជំរុញសហគមន៍ទាំងនោះ ឱ្យងាកមកធ្វើពិពិធកម្មកសិកម្មចម្រុះទៅតាមស្ថានភាពជាក់ស្តែង ដោយមិនត្រូវទុកដីចោលទំនេរ និងពឹងអាស្រ័យទៅលើតែផល អនុផលព្រៃឈើ ឬការកាប់ឈើ ដើម្បីជីវភាពប្រចាំថ្ងៃនោះឡើយ ពោលគឺត្រូវអនុវត្តតាមទិសស្លោក «សហគមន៍ព្រៃឈើគ្មានបទល្មើស»។ ចំពោះការងារដាំឈើ គឺបានថែទាំចម្ការឈើចាស់ ចម្ការពូជឈើ និងឡូតិ៍បង្ហាញកសិ-រុក្ខកម្មចំនួន ៨២២ហិកតា និងដាំឈើជាចម្ការថ្មីលើផ្ទៃដីសរុបទំហំ ៧,៥៩៩ហិកតា ព្រមទាំងបានបណ្តុះកូនឈើចំនួន ៥៧២ពាន់ដើម សម្រាប់ចែកចាយដល់ប្រជាពលរដ្ឋដាំអាស្រ័យផល។

គិតត្រឹមឆ្នាំ២០២១ ក្រសួងបានបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទំហំជាង ៤៩៩ហិកតា និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីទំហំជាង ១០១ពាន់ហិកតា។ ម្យ៉ាងទៀត រដ្ឋបាលព្រៃឈើបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ និងបានបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ការកាប់រានដីព្រៃខុសច្បាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងសកម្ម។

ដោយឡែកក្រសួងបរិស្ថាន ដែលជាអ្នកមានតួនាទីអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ក៏បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការថែរក្សាការពារព្រៃឈើ និងបំផុសចលនានាំការស្រឡាញ់ថែរក្សាការពារព្រៃឈើ។

លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ Fresh News ថា កម្ពុជាតាំងចិត្តខ្ពស់ប្រកបដោយមហិច្ឆតាក្នុងការកាត់បន្ថយការបាត់បង់ព្រៃឈើស្របជាមួយយុទ្ធសាស្រ្ត រេដបូក ហើយរួមបញ្ចូលទាំងការអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយនិរន្តរភាព។ ប្រទេសកម្ពុជា បានប្តេជ្ញាដាក់ឱ្យដំណើរការនូវប្រព័ន្ធត្រួតពិនិត្យព្រៃឈើជាតិ និងប្រព័ន្ធព័ត៌មានសុវត្ថិភាពបរិស្ថាន និងសង្គម សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ (REDD+) និងកំណត់គោលដៅកាត់បន្ថយអត្រានៃការបាត់បង់ព្រៃឈើមកត្រឹមពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ ក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដី (FOLU) ស្របតាមយុទ្ធសាស្ត្ររ៉េដបូកជាតិកម្ពុជា។

លោកបន្តថា កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧.៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១.៦លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។

បើតាមលោក នេត ភក្ត្រា ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពប្រជាពលរដ្ឋ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

លោក នេត ភក្ត្រា ក៏បានគូសបញ្ជាក់ដែរថា ការលក់ឥណទានកាបូនចំនួន ២គម្រោងបានធ្វើឡើងទី១ នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ)។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងដៃគូ បាននិងកំពុងរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។ ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថា កម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់។

ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ទៀតថា មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកាបូនពីកម្ពុជា របស់ក្រុមហ៊ុននានា គឺបានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

លោក នេត ភក្ត្រា ក៏បានលើកឡើងដែរថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាមានសុទិដ្ឋិនិយមថា នឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ៕


ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

ខេត្តកណ្ដាល៖ ក្រុមប្រឹក្សាឃុំកោះឧកញ៉ាតី ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកនេះ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។ 

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំកោះឧកញ៉ាតី។ 

ឯកឧត្តមអភិបាលខេត្ត បន្តថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារ និយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។ 

ទន្ទឹមនឹងនោះក្រុមប្រឹក្សាឃុំកោះឧកញ៉ាតី អាណត្តិថ្មី ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងឃុំ ដើម្បីអនុវត្តឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" របស់រាជរដ្ឋាភិបាល ដែលមាន លក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖

១. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ

៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ 

៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង

៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព

៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ 


សូមបញ្ជាក់ផងដែរថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៩៩៥ប្រក ស្ដីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ មេឃុំរង និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ទទួលស្គាល់សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំកោះឧកញ៉ាតី ដូចមានរាយនាមខាងក្រោម៖ 

១- លោក ម៉ៅ សេង ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ

២- លោក ផៃ សម្បត្តិ ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១

៣- លោកស្រី យឿន ចរិយា ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២

៤- លោក កើត ហុក ជាសមាជិកក្រុមប្រឹក្សាឃុំ

៥- លោក នូ សារ៉ុម ជាសមាជិកក្រុមប្រឹក្សាឃុំ។













អភិបាលខេត្តកំពត ប្រាប់ឲ្យមេឃុំ-ចៅសង្កាត់ទាំងអស់ ត្រូវផ្តល់ភាពសុខសាន្តដល់ពលរដ្ឋ និងប្រើប្រាស់អំណាចតួនាទីឲ្យបានត្រឹមត្រូវ ដើម្បីបំរើរាស្ត្រ

ចំនួនអ្នកទស្សនា: Views


(កំពត)៖ លោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានលើកឡើងថា តួនាទី និងអំណាច ដែលលោកមេឃុំ-ចៅសង្កាត់ ដែលបានមកនៅពេលនេះ គឺដោយសារតែប្រជាពលរដ្ឋស្រឡាញ់ ទុកចិត្ត ដឹងគុណនូវសន្តិភាព ដឹងគុណសម្តេចតេជោដែលជាបិតាសន្តិភាព ដូច្នេះសូមឲ្យលោកមេឃុំ-ចៅសង្កាត់ ទាំងអស់ត្រូវប្រើប្រាស់នូវតួនាទី និងអំណាចឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពសុខសាន្ត និងបំរើពលរដ្ឋឱ្យបានល្អ។

លោកបណ្ឌិត ម៉ៅ ធនិន បានថ្លែងថា មេឃុំ-ចៅសង្កាត់ ដែលទើបតែនឹងទទួលបានការបោះឆ្នោតគាំទ្រ ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ត្រូវផ្តល់ភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ហើយការផ្តល់ភាពសុខសាន្តនេះ ដែរគឺជាតួនាទីរបស់ លោកមេឃុំ លោកមេប៉ុស្តិន៍ លោកចៅហ្វាយស្រុក និងអភិបាលខេត្ត តែជាក់ស្តែងអ្នកដែលអនុវត្តន៍ផ្ទាល់នោះគឺអាជ្ញាធរនៅមូលដ្ឋានភូមិ ឃុំ ដែលរស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តកំពត ក៏បានណែនាំ និងផ្តាំផ្ញើដល់លោកមេឃុំ-ចៅសង្កាត់ ទាំងអស់ត្រូវចេះប្រើប្រាស់នូវតួនាទី និងអំណាចរបស់ខ្លួនដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលពួកគាត់បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងបានផ្តល់តួនាទី និងអំណាចនាពេលនេះ។ ដូច្នេះ សូមលោកមេឃុំ-ចៅសង្កាត់ ត្រូវប្រើប្រាស់ពេលវេលា ព្រមទាំងតួនាទីរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ជាមួយនឹងតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្ត បានបន្តទៀតថា អំណាចគឺបានពីរដ្ឋ បានពីរាស្ត្រ ដូច្នេះយើងត្រូវរដ្ឋ បំរើរាស្ត្រ ហើយត្រូវចេះប្រើអំណាចនេះធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលរងនូវទឹកភ្នែក។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ៅ ធនិន ក៏បានសំដែងនូវការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលសម្តេចបានខិតខំប្រឹងប្រែងដោយលំបាកក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រមទាំងធ្វើឲ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ៕